ការព្យាបាលរន្ធឬសធ្មេញ

សំណួរ: តើការព្យាបាលរន្ធឬសធ្មេញមានការឈឺចាប់ទេ ?

ចម្លើយ:

ការព្យាបាលរន្ធឬសធ្មេញ ធ្វើឡើងដើម្បីបំបាត់ការឈឺចាប់ ដែលជួនកាលបណ្តាលមកពីការបង្ករោគ ក្នុងរន្ធឬសធ្មេញ។ ការព្យាបាលរន្ធឬសធ្មេញមិនគួរមានការឈឺចាប់ទេ ទន្តបណ្ឌិតនឹងប្រើប្រាស់ថ្នាំស្ពឹកនៅកន្លែងដែលអ្នកមានអារម្មណ៌ឈឺ។ បើអ្នកជាមនុស្សឆាប់ភ័យខ្លាច ហើយគិតថាការព្យាបាលរន្ធឬសធ្មេញធ្វើអោយឈឺ អ្នកអាចស្នើសុំអោយគ្រូពេទ្យប្រើថ្នាំសន្តំ។

សំណួរ: ហេតុអ្វីខ្ញុំត្រូវការព្យាបាលរន្ធឬសធ្មេញ បើធ្មេញខ្ញុំមិនឈឺផង ?

ចម្លើយ:

ការមិនឈឺចាប់មិនមែនមានន័យថាសុទ្ធតែមានសុខភាពល្អសំរាប់ធ្មេញអ្នកនោះទេ។ តាមពិតមានធ្មេញជាច្រើនដែលត្រូវការព្យាបាលរន្ធឬសធេ្មញ ហើយមិនបង្កអោយមានការឈឺចាប់ទេ។ ទន្តបណ្ឌិត ឬអ្នកឯកទេសផ្នែករន្ធឬសធេ្មញ នឹងត្រូវធ្វើការពិនិត្យធ្មេញដោយប្រុងប្រយ័ត្ន ដើម្បីវាយតំលៃលើសុខភាព បណ្តូលធ្មេញដែលនៅខាងក្នុងធ្មេញ ដើម្បីសំរេចថា តើត្រូវព្យាបាលរន្ធឬសធ្មេញ ឬអត់? តាមធម្មតា ការថតកាំរស្មីអិុច អាចជួយអោយពិនិត្យមើលបានច្រើនករណី។

សំណួរ: ខ្ញុំមានធ្មេញមួយបែកនោះមានន័យថា ខ្ញុំត្រូវការព្យាបាលរន្ធឬសធ្មេញមែនទេ ?

ចម្លើយ:

មិនចាំបាច់គ្រប់ករណីទេ។ ប៉ុន្តែបើធ្មេញបែកធ្លាយចេញបណ្តូលធ្មេញធ្វើអោយឈឺ ហើយមេរោគឆ្លងចូលក្នុងបណ្តូលធ្មេញនោះ ចាំបាច់ត្រូវព្យាបាលជាញឹកញាប់បើមានសញ្ញានៃការឈឺចាប់លើធ្មេញ គឺបង្ហាញពីការបង្ករោគក្នុងរន្ធឬសធ្មេញ ប៉ុន្តែជួនកាលអ្នកគ្មានសញ្ញាឈឺចាប់អ្វីទាំងអស់។ បើមានគំនរធ្មេញបែកត្រូវអោយគ្រូពេទ្យពិនិត្យមើល ទោះបីមិនមានការឈឺចាប់ពេលនេះ តែអាចឈឺនៅពេលក្រោយ។

សំណួរ: ហេតុអ្វីមិនដកធ្មេញបង្ករោគនោះចោលទៅ ?

ចម្លើយ:

បើសិនមិនមានលទ្ធភាពជួយបានត្រូវដកចោល។ បើអាចជួយបាន គួររក្សាទុកធ្មេញធម្មជាតិ។ ដកធ្មេញមួយចោលបង្កើតចន្លោះមួយកន្លែង ហើយធ្មេញជិតខាងនោះអាចរំកិលខុសកន្លែងដើម។ ការព្យាបាលរន្ធឬសរក្សាធ្មេញ អ្នកអាចជៀសវាងពីការដាំបង្គោលធ្មេញក្នុងឆ្អឹង ឬ ធ្វើធ្មេញស្ពាន ដែលកិច្ចការទាំងពីរនេះត្រូវចំណាយថវិកាច្រើន។