អនាម័យមាត់ធ្មេញ

សំណួរ: តើអនាម័យមាត់ធ្មេញមានអត្ថន័យពិតយ៉ាងណា?

ចម្លើយ:

ពាក្យថាអនាម័យមាត់ធ្មេញទាក់ទងទៅនឹងទំលាប់ល្អបីយ៉ាង ដែលអ្នកត្រូវធ្វើដើម្បីថែទាំធ្មេញរបស់អ្នក ៖

  • ដុសធ្មេញដោយប្រើថ្នាំដុសធ្មេញមានជាតិផ្លរអររ៉ាយរៀងរាល់ក្រោយទទួលទានអាហាររួច និង ប្រើអំបោះទាក់សម្អាតតាមចន្លោះធ្មេញ។
  • ញុំាចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករតិច។
  • ជួបពេទ្យធ្មេញ ដើម្បីពិនិត្យធ្មេញតាមពេលកំណត់រៀងរាល់ ៦ខែម្តង។

ទង្វើទាំងនេះជួយការពារអ្នកពីរោគពុកធ្មេញ ជំងឺអញ្ចាញធ្មេញ និងបញ្ហាក្លិនមាត់។ វាមិនគ្រាន់តែជួយធ្មេញរបស់អ្នកប៉ុណ្ណោះទេ គឺថែមទាំងជួយសន្សំលុយអ្នកផងដែរ។

សំណួរ: តើឳពុកម្តាយគួរយល់ដឹងអ្វីខ្លះ អំពីសុខភាពមាត់ធ្មេញរបស់កូន?

ចម្លើយ:

ចំនុចគួរចងចាំដំបូង គឺថាសុខភាពមាត់ធ្មេញល្អត្រូវចាប់ផ្តើមថែទាំតាំងពីថ្ងៃទីមួយដែលក្មេងកើតមក។ សូម្បីធ្មេញមិនទាន់ដុះក៏ត្រូវមើលថែទាំអញ្ចាញធ្មេញក្មេង ដោយការជូតសម្អាតជាមួយក្រណាត់សើមទន់ ឬ ប្រើស្បៃក្រោយបំបៅកូនហើយ។ នៅពេលក្មេងៗដុះធ្មេញពន្លក គឺជាពេលត្រូវចាប់ផ្តើមដុសសម្អាតអោយគាត់។

នាំក្មេងទៅជួបពេទ្យធ្មេញនៅពេលគាត់មានអាយុគំរប់មួយខួប។ ដុសសម្អាតធ្មេញក្មេងដោយថ្នាំដុសធ្មេញមានជាតិផ្លរអររ៉ាយ។ ការថែទាំធ្មេញក្មេង គឺជាការងារសំខាន់មួយដែលអ្នកគួរយកចិត្តទុកដាក់ ដើម្បីកុំអោយមានរោគពុកធ្មេញ (ធ្មេញទឹកដោះ​) ដែលជាការធានាឲ្យធ្មេញស្រុកដុះចេញមកមានលក្ខណៈត្រឹមត្រូវ។ ជួយបង្រៀនកូនអោយចេះដុសធ្មេញអោយបានត្រឹមត្រូវ នៅពេលគាត់មានអាយុប្រហែល ៦ឆ្នាំ។ នៅក្រោមអាយុនេះអ្នកត្រូវជួយគាត់នៅពេលដុសសម្អាតធ្មេញ និង ជួយទាក់អំបោះតាមចន្លោះធ្មេញបើចាំបាច់។ ពិនិត្យធ្មេញអោយបានញឹកញាប់ជាចំនុចចាំបាច់។

ដូចនេះត្រូវនាំកូនអ្នកទៅជួបពេទ្យធ្មេញយ៉ាងហោចណាស់រាល់ ៦ខែម្តង ឬមួយឆ្នាំម្តង។ ចំនុចចុងក្រោយត្រូវគិតពីចំណីអាហារណាដែលត្រឹមត្រូវ និងមិនត្រឹមតែផ្តល់នូវសុខភាពរាង្គកាយល្អប៉ុណ្ណោះទេ ថែមទាំងធ្វើអោយធ្មេញមានសុខភាពល្អផងដែរ។ អោយក្មេងញុំា ទឹក ទឹកដោះគោស្រស់ ញុំាបន្លែ និងផ្លែឈើអោយបានគ្រប់គ្រាន់ ហើយកាត់​បន្ថយបរិមាណចំណីអាហារដែលមានជាតិស្ករ ឬ ស្ករគ្រាប់អោយមានកំរិតតិច និងកុំអោយញុំាញឹកញាប់ពេក។

សំណួរ: តើខ្ញុំគួរប្រើទឹកខ្ពុរមាត់ឬទេ?

ចម្លើយ:

ទឹកខ្ពុរមាត់បានក្លាយជាចំណែកមួយចូលរួមអនាម័យមាត់ធ្មេញ។ ការប្រើទឹកខ្ពុរមាត់ អាចជួយអោយផ្លូវដង្ហើមមានក្លិនល្អ ជាពិសេសប្រើក្រោយការញុំាចំណីអាហារដែលមានក្លិនមិនល្អដូចជា ខ្ទឹមស និង ខ្ទឹមបារាំងជាដើម។ ឥឡូវនេះទឹកខ្ពុរមាត់មិនត្រឹមតែជួយកម្ចាត់ក្លិនមាត់មិនល្អប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើតកាចាធ្មេញឡើងវិញ ជួយសម្អាតកំណកកំបោរ (Plaque) និងការពារកុំអោយមានជំងឺរលាកអញ្ចាញធ្មេញផងដែរ ប៉ុន្តែអ្នកគួរតែជ្រើសរើសទឹកខ្ពុរមាត់ប្រភេទណាដែលគ្មានជាតិអាល់កុល ស្ករ និងអាស៊ីត។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង